លោក សំ សុវណ្ណារិទ្ធ បើកដៃឲ្យក្រុមមន្ត្រីគយក្នុងខេត្តស្វាយរៀង គាបយកលុយពីក្រុមឈ្មួញនិងក្រុមអាជីករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិជាច្រើនខ្សែក្នុងខេត្តស្វាយរៀងស្រេចតែអំពើចិត្ត...!
លោក សំ សុវណ្ណារិទ្ធ មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹក ជញ្ជូនទំនិញគេចពន្ធ និងទំនិញបង់ពន្ធ មិនគ្រប់ឆ្លងកាត់ខេត្តស្វាយរៀង នោះទេ ផ្ទុយទៅវិញ លោក សំ សុវណ្ណារិទ្ធ ទំនងជាចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានសាខាគយខេត្តស្វាយរៀង ទើបខំប្រឹងប្រមូលលុយស្រង់ដើមតាម របៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពដែលស្និទ្ធនឹងលោក សំ សុវណ្ណារិទ្ធ បានឲ្យដឹងថា ជាប្រធានសាខាគយខេត្តស្វាយរៀង លោក សំ សុវណ្ណារិទ្ធ កំពុងអនុវត្តន៍យុទ្ធសាស្តដើម្បីប្រមូលលុយយ៉ាងសុខស្រួល ប្រភពបានឲ្យដឹងទៀតថា ក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ១ និងផ្លូវជាតិផ្សេងៗទៀតនៃខ្សែរក្រវ៉ាត់ខេត្តស្វាយរៀងចូលមករាជធានីភ្នំពេញ គឺជាប្រភពចំណូលរបស់លោក សំ សុវណ្ណារិទ្ធ តែម្តង។
ជាក់ស្ដែងលោក សំ សុវណ្ណារិទ្ធ មិនដែលចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់នោះទេ មានតែសម្របសម្រួលឲ្យឈ្មួញទាំងនោះដឹកទំនិញទៅដល់គោលដៅប្រកប ដោយសុវត្ថិភាព ទន្ទឹមនឹងនេះនៅច្រករបៀងព្រំដែនចំការម្ទេស និងច្រកផ្សេងៗទៀត ក្រុមឈ្មួញអាចនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់យ៉ាងរលូនដូចកាលពីជំនាន់លោក ហេង សំបូរ នៅធ្វើជាប្រធានសាខាគយខេត្តស្វាយរៀង ផងដែរ។
ប្រភពពីមន្ត្រីគយក្នុងខេត្តស្វាយរៀងបានឲ្យដឹងថាក្រុមឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ឆ្លងកាត់ផ្លូវជាតិនានាចូលទៅរាជធានីភ្នំពេញ សុទ្ធតែមានទំនាក់ ទំនងជិតស្និទ្ធជាមួយលោក សំ សុវណ្ណារិទ្ធ ដើម្បីសម្រួលដល់ អាជីវកម្មរបស់ពួកគេ លើសនេះទៅ ទៀតលោក សំ សុវណ្ណារិទ្ធ បានបើកដៃឲ្យក្រុមមន្ត្រីគយក្នុងខេត្តស្វាយរៀង គាបយកលុយពីក្រុមឈ្មួញនិងក្រុមអាជីករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិជាច្រើនខ្សែក្នុងខេត្តស្វាយរៀងស្រេចតែអំពើចិត្តបើទោះប្បីឈ្មួញខ្លះដឹកជញ្ជូនទំនិញបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនរួចហើយក៏ដោយ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្វាយរៀង បានឲ្យដឹងថាលោក សំ សុវណ្ណារិទ្ធ ឡើងកាន់តំណែងជាប្រធានសាខាគយខេត្តស្វាយរៀងនៅពេលថ្មីៗរយៈពេលជាងមួយឆ្នាំកន្លងមកនេះលោក សំ សុវណ្ណារិទ្ធ មិនទាន់ចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់បានមួយករណីនៅឡើយទេ។
ហេតុនេះហើយសូមឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរបណ្ដែតបណ្ដោយឲ្យលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តស្វាយរៀង ធ្វើអ្វីៗតាមអំពើចិត្តនោះឡើយ ។ជាពិសេសឯកឧត្តម ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវ គួរដាក់មន្ត្រីជំនាញចុះសិក្សាស្រាវជ្រាវនូវភាពមិនប្រក្រតីរបៀបពុក រលួយរបស់លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តស្វាយរៀងនិងបក្សពួកផងទាន..!។