ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ទើបឡើងកាន់តំណែងថ្មីៗ នៅចំណុចឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ តាមរបៀបពុករលួយ
កណ្ដាល ៖ ប្រភពពីក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ១តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកំពង់ភ្នំនៅចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយតាមរបៀបពុករលួយ។ ទោះប្បីជាមិនលើសទម្ងន់ ក៏មន្ត្រីស្ថានីយ៏ជញ្ជីងថ្លឹងរថយន្តកំពង់ភ្នំ នៅចំណុចភូមិ កំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ វាក្លាយទៅជាទម្លាប់គួរឲ្យស្អប់ខ្ពើម ។
ក្រុមឈ្មួញនិងអាជីវករដឹកទំនិញ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ ១នៅ ភូមិ កំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក បានឲ្យដឹងថា លេីសទម្ងន់ឬមិនលេីសទម្ងន់ តម្រូវឲ្យបង់លុយតាមការកំណត់ មិនរំលងបានឡើយ។ហេតុនេះសូម លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ដែលទើបនឹងឡើងកាន់តំណែងថ្មីមិនគួរបណ្ដែតបណ្ដោយអោយលោក អូន រស្មី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងនិងអនុប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តឃុំកំពង់ភ្នំធ្វេីអ្វីៗតាមអំពេីចិត្តតទៅទៀតនោះទេ។
តាមការបង្ហើបពីមន្ត្រីសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានអោយដឹងថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ខាងលើរកវិធីគ្រប់បែប យ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយ៍ជញ្ជីងថ្លឹងនិងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនធ្វើមានធ្វើបានផង។ ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយ៍មួយនេះទារលុយច្រើនៗពេកបើទោះប្បីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។
ជាងនេះទៅទៀតបើទោះប្បីជាមិនលើសទម្ងន់ក៏មិនត្រូវហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ ព្រោះអ្នករកស៊ីដឹកទំនិញទទួល ស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ ។
រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកំពង់ភ្នំផ្លូវជាតិលេខ១ នៅចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាលនេះបន់ឲ្យតែមានរថយន្តដឹកលើសទម្ងន់ដើម្បីសង្កត់ ក យកលុយតែប៉ុណ្ណោះ។
ពាក់ព័ន្ធមន្ត្រីប្រចាំនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកំពង់ភ្នំ នៅលើផ្លូវជាតិលេខ ១ ភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកជញ្ជូនទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដ៍ទៃទៀត នឹង ស្ពាន ខូចខាតបាក់ស្រុតជាបន្ដបន្ទាប់។
ក្រុមអ្នកបើករថយន្ត អំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននិង លោក សេង ឈួន រដ្ឋលេខាធិការក្រសួង និងជាប្រធាន គណៈកម្មការ សម្របសម្រួល ជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស នឹង លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល មិនគួរបណ្ដែតបណ្ដោយឲ្យប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកំពង់ភ្នំផ្លូវជាតិលេខ១ និងបក្សពួកនៅចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ប្រែក្លាយជាជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ ប្រព្រឹត្តរបៀបអំពើពុករលួយជិះសេះលែងដៃ ។