លោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀងកាន់តំណែងដុះស្លែបណ្ដោយឲ្យមេៗគយតាមច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី និងច្រកទ្វារតំបន់ព្រំដែនជាច្រើនកន្លែងប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តមុនញញើតអ្វីទាំងអស់
មន្ត្រីនៅច្រកព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀង បានឲ្យដឹងថា ចាប់តាំងពីអំឡុងថ្ងៃទី01 ខែមីនា ឆ្នាំ2022 រហូតមកដល់ពេលនេះគឺលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន នៅតែបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគំហុក។ ទន្ទឹមនឹងនេះលោក ឆេង សាវិន ប្រធានការិយាល័យគយច្រកទ្វារតំបន់ព្រំដែនដូង ស្រុករមាសហែក ក៏បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកដែរ។ ប្រសិនបើគ្មានការបើកដៃពីលោក ហេង សំបូរ ទេនោះគឺលោក ឃុត សាលីន មេគយច្រកបុសមន និងលោក ឆេង សាវិន មេគយច្រកដូង មិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនឡើយ។
ប្រភពមន្ត្រីគយក្នុងខេត្តស្វាយរៀង បានឲ្យដឹងថា នៅក្រោយពេលទទួលបានតំណែងជាប្រធានសាខាគយខេត្តស្វាយរៀង នៅថ្ងៃទី06 ខែកក្កដា ឆ្នាំ2020 រហូតមកដល់ពេលនេះគឺលោក ហេង សំបូរ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់មេៗគយតាមច្រកព្រំដែននោះទេ។ ផ្ទុយទៅវិញលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង បណ្ដោយឲ្យមេៗគយតាមច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី និងច្រកទ្វារតំបន់ព្រំដែន ជាច្រើនកន្លែងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងតែម្ដង។ ការដែលលោក ហេង សំបូរ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែកក្រាស់នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាំជួយជ្រោមជ្រែងគ្រប់ពេលវេលា។
មន្ត្រីនៅច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានឲ្យដឹងថា ដោយសារអាងមានលោក ហេង សំបូរប្រធានសាខាគយខេត្តស្វាយរៀង ជាបង្អែករឹងមាំ ទើបលោក ចាន់ តារា ប្រធានសាខាគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ប្រើតួនាទីប្រមូលលុយតាមរបៀបពុករលួយយ៉ាងសុខស្រួល។ បញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរបណ្ដោយឲ្យលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង និងមេគយៗតាមច្រកព្រំដែនក្នុងខេត្តស្វាយរៀង ធ្វើអ្វីៗស្រេចតែអំពើចិត្តតទៅទៀតទេ។ ជាពិសេសលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គួរចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ហេង សំបូរ និងមេៗគយតាមច្រកព្រំដែនក្នុងខេត្តស្វាយរៀង ។