ប្រភពពីមន្ត្រីគយនៅខេត្តស្វាយរៀង បានឲ្យដឹងថា ចាប់តាំងពីលោក ហេង សំបូរ ទទួលបានតំណែងជាប្រធានសាខាគយខេត្តស្វាយរៀង កាលពីថ្ងៃទី06 ខែកក្កដា ឆ្នាំ2020 រហូតដល់បច្ចុប្បន្ននេះគឺលោក ហេង សំបូរ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ប្រធានការិយាល័យគយតាមច្រកព្រំដែនច្រើនកន្លែងក្នុងខេត្តស្វាយរៀង ទាល់តែសោះ។ ផ្ទុយទៅវិញលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង បើកដៃឲ្យមេៗគយតាមច្រកព្រំដែនក្នុងខេត្តស្វាយរៀង ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាលើសមុនទៅទៀត។ ការដែលលោក ហេង សំបូរ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ហើយលោក គុណ ញឹម អគ្គនាយកគយរក្សាភាពស្ងៀមស្ងាត់។ប្រភពស្និទ្ធនឹងលោក ហេង សំបូរ បានឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីលោក ហេង សំបូរ ទេនោះគឺលោក យី ថុល ប្រធានការិយាល័យគយច្រកអន្តរជាតិបាវិត និងលោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ មិនហ៊ានបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្តទេ។ ទន្ទឹមនឹងនេះដោយសារមានការបើកដៃពីលោក ហេង សំបូរ ទើប ប្រធានការិយាល័យគយច្រកទ្វារព្រំដែនតំបន់ដូង បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីស្រុកយួនយ៉ាងរលូន។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរមើលរំលងអំពើពុករលួយរបស់លោក ហេង សំបូរ និងមេៗគយតាមច្រកព្រំដែនក្នុងខេត្តស្វាយរៀង នោះទេ។មន្ត្រីគយក្នុងខេត្តស្វាយរៀង បានបង្ហើបឲ្យដឹងទៀតថា ឈ្មួញធំៗរកស៊ីនាំចូលទំនិញតាមច្រកព្រំដែនក្នុងខេត្តស្វាយរៀង ហើយដឹកជញ្ជូនចូលមករាជធានីភ្នំពេញ សុទ្ធតែសុំការយោគយល់ពីលោក ហេង សំបូរ ដើម្បីឲ្យអាជីវកម្មពួកគេប្រព្រឹត្តទៅដោយរលូន។ លោក ហេង សំបូរ បានយកជំនាញខាងពុករលួយកាលនៅធ្វើជាមេគយខេត្តកំពត មកអនុវត្តន៍ក្នុងតួនាទីជាប្រធានសាខាគយខេត្តស្វាយរៀង យ៉ាងសុខសាន្ត។ បើតាមប្រភពខ្លះបានបង្ហើបឲ្យដឹងថាលោក ហេង សំបូរ ចំណាយដើមទុនអស់ច្រើនក្នុងការទទួលបានតំណែងជាប្រធានសាខាគយខេត្តស្វាយរៀង ទើបខំប្រឹងស្រង់ដើមយ៉ាងពេញបន្ទុក ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ptv)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ptv)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ptv)
វីដែអូ